ឃោរឃៅណាស់! ខឹងកូនយំខ្លាំងពេក វាយនឹងដបម្សៅ រួចហើយយកខ្នើយមកខ្ទប់ ស្រាប់តែ…

0

ឥណ្ឌូនេស៊ី៖ យោងតាមសារព័ត៌មាន Lobak Merah បានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ៨ សីហា ឆ្នាំ ២០១៧ កន្លងទៅ មានហេតុការណ៍ដ៏ឃោរឃៅមួយបានកើតឡើងនៅភាគខាងជើង រដ្ឋធានី ហ្សាកាតា ដោយមានបុរសអាយុ ២៧ឆ្នាំ ម្នាក់ឈ្មោះ Faisal Amir បានយកដបម្សៅវាយកូនតូចអាយុ៣ខែរបស់ខ្លួន ដែលកំពុងយំ ក្នុងគោលបំនងឲ្យគេឈប់បង្កការរំខាន។

ពិតណាស់! ការឈឺចាប់ មិនបានធ្វើឲ្យក្មេងតូចនោះបាត់យំទេ ប៉ុន្តែសម្លេងស្រែកកាន់តែខ្លាំងឡើង បានធ្វើឲ្យបុរសជាឪពុករូបនេះ កាន់តែខឹងខ្លាំង រហូតយកខ្នើយទៅខ្ទប់មុខរបស់ទារកនោះតែម្តង។

ជនល្មើស Faisal បាននិយាយថា “ពេលនោះខ្ញុំពិតជាខឹងខ្លាំងណាស់។ ខ្ញុំបានយកដបម្សៅទៅវាយនាង ប៉ុន្តែនាងនៅតែយំរហូត។ បន្ទាប់មក ខ្ញុំក៏បានយកខ្នើយដែលខ្ញុំកំពុងដេកពីលើនោះ ទៅខ្ទប់មុខរបស់នាងតែម្តង។ ពេលកើតហេតុនោះ ខ្ញុំពិតជាវិលមុខខ្លាំងណាស់”។

សម្លេងរំខាន ពិតជាបាត់ពិតមែន គឺបាត់រហូតតែម្តង ហើយបុរសជាឪពុក បានដេកលុងលក់ដល់ទៅ៣ម៉ោង។ រហូតដល់ម៉ោង៥រសៀល ទើបគេភ្ញាក់ពីដេក ហើយបានដើរទៅផ្ទះបាយ ដើម្បីឆុងទឹកដោះគោឲ្យកូនរបស់ខ្លួន ប៉ុន្តែរូបគេមិនបានចាប់អារម្មណ៍ថា រយៈពេល៣ម៉ោងដែលគេដេកនោះ គឺខ្នើយនៅលើមុខកូនរបស់គេជានិច្ច។ រហូតដល់ពេលដែលគេយកទឹកដោះគោទៅបញ្ចុកកូន  ទើបគេចាប់អារម្មណ៍ថា កូនរបស់គេបានដាច់ដង្ហើមស្លាប់បាត់ទៅហើយ។  Faisal បាននិយាយថា “ខ្ញុំបានជួយសម្រួលដង្ហើមឲ្យនាងដែរ ប៉ុន្តែនាងមិនដឹងខ្លួនវិញសោះ។ នាងបានស្លាប់ហើយ។ ខ្ញុំពិតជាស្តាយក្រោយខ្លាំងណាស់”

គួរបញ្ជាក់ដែរថា ជនល្មើសជាឪពុករូបនេះ មិនមានប្រកបរបរអ្វីទេ។ ចំនែកឯម្តាយរបស់ក្មេងតូចវិញ គឺជាគណនេយ្យករ ហើយនាងត្រលប់មកផ្ទះវិញម្តងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ដូច្នេះ មានតែលោក Faisal ដែលជាអ្នកមើលថែកូនតូចរងគ្រោះនោះ។

យោងតាមការឲ្យដឹងពីមន្ត្រីប៉ូលិសម្នាក់ឈ្មោះ Kombes Pol Dwiyono បានឲ្យដឹងថា “ជនល្មើសទំនងជាមានភាពតានតឹងខ្លាំង ដោយសារខ្លួនគ្មានការងារធ្វើជាយូរណាស់មកហើយ។ ស្របពេលដែលកូន ក៏យំខ្លាំងទៀតនោះ ទើបបណ្តាលឲ្យមានរឿងហេតុបែបនេះតែម្តង។ ជនដៃដល់ បានយកដបម្សៅទៅវាយកូនរបស់គេចំនួន៣ដង ប៉ុន្តែដោយសារក្មេងរងគ្រោះនៅតែស្រែកយំខ្លាំង ទើបគេយកខ្នើយទៅខ្ទប់មុខតែម្តងទៅ”។  មន្ត្រីប៉ូលីសដដែលបានដាក់ការសង្ស័យថា មូលហេតុប្រហែលមកពី លោក Faisal មានភាពអផ្សុក ព្រោះប្រពន្ធនៅឆ្ងាយ ហើយធុញទ្រាន់នឹងការមើលកូន។

ទោះជាយ៉ាងណា ករណីមួយនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

LEAVE A REPLY

Please enter your comment!
Please enter your name here