សាហាវណាស់!!! គ្រាន់តែរឿងប៉ុន្នឹងសោះទាញកាំបិតកាត់ដៃប្រពន្ធចោលហើយ………

0

បង់ក្លាដេស៖ បុរសជាប្តីម្នាក់ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ បន្ទាប់ពីកាត់ម្រាមដៃប្រពន្ធរបស់ខ្លួនចោល ព្រោះខឹងនាងបន្តរៀនថ្នាក់បរិញ្ញាបត្រ ដោយមិនបានសុំការអនុញ្ញាតពីខ្លួន។

ប្តីកំណាចរូបនេះ ឈ្មោះ Rafiqul Islam អាយុ៣០ឆ្នាំ។ រូបគេបានយកក្រណាត់មកចងបិទភ្នែកប្រពន្ធរបស់ខ្លួន ឈ្មោះ Hawa Akhter អាយុ២១ឆ្នាំ និងយកស្កុតបិទមាត់នាង  ដោយនិយាយបោកបញ្ឆោតនាងថា នឹងមានកាដូដ៏ពិសេសហើយភ្ញាក់ផ្អើលមួយ ដើម្បីប្រគល់ជូននាង។

ផ្ទុយទៅវិញ បុរសជាប្តីចិត្តពិសពុលរូបនេះ បែរជាចាប់ទាញដៃប្រពន្ធរបស់ខ្លួន ហើយយកកាំបិតកាត់ផ្តាច់ម្រាមដៃទាំង៥របស់នាងចោលយ៉ាងសាហាវព្រៃផ្សៃបំផុត។  អ្វីដែលឈឺចាប់ទ្វេដង ជាងនេះទៅទៀតនោះ ម្នាក់ក្នុងចំណោមសាច់ញាតិ របស់ជនល្មើស បានយកម្រាមដៃដែលត្រូវបានកាត់ដាច់នោះ ទៅបោះចោលក្នុងធុងសម្រាមទៀតផង ដើម្បីកុំឲ្យគ្រូពេទ្យតភ្ជាប់វិញបាន។

ប្រភពព័ត៌មានឲ្យដឹងថា ជនល្មើសជាប្តី គឺជាពលករចំណាកស្រុក ធ្វើការនៅសហព័ន្ធអារ៉ាប់រួម។  កន្លងមកគេធ្លាប់ព្រមាននារីរងគ្រោះជាប្រពន្ធ ច្រើនលើករួចមកហើយ  ថានឹងកើតមានរឿងកាន់តែធំ បើនាងនៅតែមិនបោះបង់ការសិក្សាចោល។

ថ្លែងប្រាប់អ្នកកាសែត The Times នាង Akhter បាននិយាយរៀបរាប់ទាំងក្តុកក្តួលថា «បន្ទាប់ពីគាត់ត្រលប់មកដល់ ទឹកដីបង់ក្លាដេសវិញ គាត់ថាគាត់ចង់មានរឿងពិភាក្សាជាមួយខ្ញុំ។ ភ្លាមៗនោះ គាត់បានយកក្រណាត់ចងបិទភ្នែកខ្ញុំជិត និងដៃរបស់ខ្ញុំ។ លើសពីនេះ គាត់ក៏បានយកស្កុតមកបិទមាត់ខ្ញុំដែរ  ហើយនិយាយថា គាត់ចង់ឲ្យខ្ញុំភ្ញាក់ផ្អើលជាមួយនឹងកាដូខ្លះ  ដែលគាត់នឹងប្រគល់ជូនខ្ញុំ។ ប៉ុន្តែផ្ទុយទៅវិញ គាត់បែរជាកាត់ម្រាមដៃខ្ញុំចោលទៅវិញ» 

លោក Mohammed Saluddin មេប៉ូលិសប្រចាំតំបន់ បានមានប្រសាសន៍ឲ្យដឹងថា ជនល្មើស Rafiqul Islam ជាប្តីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅក្នុងរាជធានី Dhaka។  រូបគេបានឆ្លើយសារភាព ពីទោសកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តិផងដែរ។ ដោយលើកហេតុផលថា ខឹង និងប្រច័ណ្ឌប្រពន្ធខ្លួនឯង  ដោយសារខ្លួនរៀនបានត្រឹមថ្នាក់ទី៨ ខ ឯប្រពន្ធវិញបន្តរៀនដល់ថ្នាក់មហាវិទ្យាល័យ ដែលមានកម្រិតការសិក្សាខ្ពស់ជាងខ្លួន។

នាង Akhter បាននិយាយថា ឥលូវនេះនាងបានផ្លាស់ទៅរស់នៅផ្ទះរបស់ឪពុកម្តាយនាងវិញហើយ។ នាងកំពុងហាត់រៀនសរសេរអក្សរ ដោយប្រើដៃឆ្វេងវិញ។ Akhter ប្ដេជ្ញាចិត្តថា នាងនឹងនៅតែបន្តការសិក្សារបស់នាង រហូតទាល់តែចប់ចុងចប់ដើម។

ចំណែកជនល្មើស Rafiqul  អាចនឹងត្រូវចោទប្រកាន់ពីបទបង្ករបួសស្នាម ខណៈដែលក្រុមការពារសិទ្ធិមនុស្ស កំពុងតែធ្វើការទាមទារ ឲ្យជនល្មើសជាប់ពន្ធនាគារអស់មួយជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here