ជួយស៊ែរបន្តផង ! កុមារាម្នាក់អាយុ០២ឆ្នាំត្រូវបានស្លាប់ បន្ទាប់ពីហូបចាហួយដូងអស់០៧កញ្ចប់

0

ខេត្តបាត់ដំបង៖ កុមារាម្នាក់ដែលទើបតែមានអាយុ២ឆ្នាំ ព្រមទាំងមានរោគប្រចាំកាយផងនោះ បានស្លាប់បន្ទាប់ពីក្រុមគ្រួសារឪពុក ម្តាយ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីរួចមក ទើបមានការភ្ញាក់ផ្អើលថា កុមារារូបនេះស្លាប់ដោយសារពុលចំណីអាហារ ព្រោះមុនពេលបញ្ជូនទៅមន្ទីរពេទ្យគឺកុមារាបានញ៉ាំចាហួយដូងអស់ជាច្រើនកញ្ចប់ ។ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលា ម៉ោង ២ រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដោយសារតែមានកុមារាម្នាក់ឈ្មោះ អឿន វាសនា អាយុ ២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានស្លាប់ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យស្រុក ដោយឪពុក ម្តាយ បានសង្ស័យថាកូនប្រុសរបស់ខ្លួនអាចមានការពុលចំណីអាហារ ។

តាមការរៀបរាប់ពីស្ត្រីដែលត្រូវជាម្តាយឈ្មោះ ណុប សាស អាយុ ៣៧ ឆ្នាំ មុខរបរ ធ្វើស្រែ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ គាត់បានទិញចាហួយដូងម៉ាកM&S បាត់ដំបង ជាច្រើនកញ្ចប់ ពីឈ្មោះ កង ភឹង ភេទស្រី អាយុ៧៥ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិកើតហេតុ ដើម្បីទុក អោយកូនហូប ។ លុះនៅល្ងាចថ្ងៃកើតហេតុ កូនប្រុសរបស់គាត់ក៏បានញ៉ាំចាហួយដូងនោះអស់រហូតដល់ ៧កញ្ចប់ ស្រាប់តែមួយសន្ទុះក្រោយមក កូនរបស់គាត់ហាកដូចជាគ្មានកម្លាំងកំហែង អ្វីបន្តិចទាល់តែសោះ ឃើញសភាពបែបនេះគាត់ក៏បានបញ្ជូនកូនប្រុសរបស់គាត់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ប៉ុន្តែជាអកុសលកូនប្រុសរបស់គាត់បានស្លាប់នៅក្នុងយប់នោះតែម្តង ។

នៅព្រឹកថ្ងៃទី៤ ខែឧសភា នេះ ក្រុមការងារចម្រុះគឺមាន សមត្ថកិច្ចនៃអធិការដ្ឋានស្រុកមោងឫស្សី កម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យខេត្ត និងក្រុមគ្រូពេទ្យ បានចុះទៅត្រួតពិនិត្យ និងធ្វើការសិក្សាជុំវិញបញ្ហានេះ ដើម្បីស្វែងរកអំពីមូលហេតុនៃការស្លាប់របស់កុមារ ។ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី៤ នេះដែរ តាមរយៈទូរស័ព្ទ លោកគ្រូពេទ្យ ឃុន ង៉ា ប្រធានមណ្ឌលសុខភាព ព្រៃតូច បានមានប្រសាសន៍ថា ក្រោយពេលសិក្សា ជាលទ្ធផលគឺកន្លងមក កុមាររងគ្រោះធ្លាប់ត្រូវបានឪពុក ម្តាយ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដោយគ្រូពេទ្យបានបញ្ជាក់ថា កុមារនេះមានរោគ « ឈាមរាវ » ដោយមិន អនុញ្ញាតអោយកុមារនេះបរិភោគចំណី អាហារ ឆ្អែតខ្លាំងពេកទេ ។

លោកគ្រូពេទ្យបានបន្តថា ម៉្យាងវិញទៀតឪពុក ម្តាយ និងបងប្រុសរបស់កុមារនេះក៏មានផ្ទុកមេរោគអេដស៍ថែមទៀតផង ដោយបច្ចុប្បន្នត្រូវប្រើប្រាស់ថ្នាំពន្យារជានិច្ចដូច្នេះ បញ្ហាដែលថា កុមារារូបនេះស្លាប់ដោយសារការពុលចំណីអាហារនោះ គឺថា បើពុលចំណី ដាច់ខាតនៅលើខ្លួនប្រាណក្មេងត្រូវតែមានឡើងស្នាមជាំក្រហមពាសពេញតែនេះមិនមានទាល់តែសោះ ដូច្នេះអាចបណ្តាលមកពីការទទួលទានច្រើនពេក ។

ដោយឡែកលោក អ៊ី មករា ម្ចាស់ក្រុមហ៊ុនចាហួយដូង បាត់ដំបង ដែលមានទីតាំងក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង បានអះអាងថា អាជីវកម្មរបស់ក្រុមហ៊ុនមានរយៈពេល ៥ឆ្នាំមកហើយ ដោយមិនដែលមានបញ្ហាអ្វីសោះឡើយ ព្រោះក្រុមហ៊ុនរបស់លោកមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពី មន្ទីរពិសោធន៍ ឧស្សាហកម្ម កម្ពុជានិងមានការទទួលស្គាល់ ដោយ ក្រុមប្រឹក្សា សវនកម្ម ប្រទេស សឹង្ហបូរី ផងដែរ ក្នុងការផលិត ប្រកបដោយអនាម័យខ្ពស់ និងគុណភាពល្អ ដូច្នេះលោកហ៊ានទទួលខុសត្រូវ នៅចំពោះមុខច្បាប់ ប្រសិនបើបញ្ហានេះវាពិតជាបានកើតឡើងមែននោះ ៕

ប្រភពពី ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police

LEAVE A REPLY

Please enter your comment!
Please enter your name here