កម្ពុជា សម្តែងការសោកស្តាយ និងព្រួយបារម្ភខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

0

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១២ កញ្ញានេះ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញពីការសោកស្តាយ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែរ ដោយសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។

យោងតាមសេចក្តីថ្លែងការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅរៀលថ្ងៃទី១២ កញ្ញានេះ បានឲ្យដឹងថា ការសាកល្បងនុយក្លេអ៊ែរ លើកទី៦ នេះ គឺជាការរំលោភជាថ្មីម្តងទៀត ទៅលើសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងបង្ករការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាព ដែលតឹងតែងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ។

កម្ពុជាទាមទារ ឲ្យសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ អនុវត្តឲ្យបានពេញលេញ នូវសេចក្តីសំរេចចិត្តពាក់ព័ន្ធទាំងអស់ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោល បំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here