កូរ៉េខាងជើង គំរាមអាម៉េរិកថា នឹងឈឺចាប់ខ្លាំង បើសិន UNSC អនុម័តដំណោះស្រាយ ទណ្ឌកម្មលើខ្លួន

0

មូស្គូ៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានព្រមានសហរដ្ឋអាម៉េរិកថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងសងសឹកដោយប្រើ “មធ្យោបាយចុងក្រោយ” ប្រសិនណាបើក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចថ្មី ដែលដាក់ទណ្ឌកម្មកាន់តែតឹងរឹង ទៅលើកូរ៉េខាងជើងនោះ។ 

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ បេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតលើសេចក្តីព្រាងថ្មីមួយនៅថ្ងៃចន្ទ ដើម្បីរឹតបន្តឹងទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។ វ៉ាស៊ីនតោនចង់ដាក់សម្ពាធបន្ថែមទៀតទៅលើកូរ៉េខាងជើងដោយដាក់ទណ្ឌកម្មប្រេង និងបង្កទ្រព្យសម្បត្តិរបស់មេដឹកនាំគីមជុងអ៊ុន។

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលផ្សាយបន្តដោយសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានឲ្យដឹងថា “ក្នុងករណីដែលសហរដ្ឋអាមេរិក សម្រេចលើដំណោះស្រាយដែលខុសច្បាប់លើការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងនោះ កូរ៉េខាងជើងនឹងធានាយ៉ាងប្រាកដថា សហរដ្ឋអាមេរិកបង់ថ្លៃដល់កម្រិត។

កូរ៉េខាងជើងត្រៀមខ្លួនរួចរាល់ហើយ និងប្រើប្រាស់ទម្រង់ណាមួយចំពោះមធ្យោបាយចុងក្រោយរបស់ខ្លួន។ កូរ៉េខាងជើងនឹងធ្វើឱ្យសហរដ្ឋអាមេរិកមានការឈឺចាប់ និងទុក្ខវេទនាខ្លាំង ដូចដែលប្រទេសនេះធ្លាប់ឆ្លងកាត់ក្នុងប្រវត្តិសាស្រ្តទាំងមូលរបស់ខ្លួន។

ក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មដែលត្រូវបានស្នើឡើងនេះ គឺមានបំណងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់កូរ៉េខាងជើងដល់កម្រិតមួយដ៏ខ្លាំងក្លា ហើយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង កំពុងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើសកម្មភាពរបស់អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here