មហាអស្ចារ្យមែន! នារីពិការដៃទាំងសងខាង ក្លាយជាអ្នកបើកយន្តហោះដោយប្រើជើង ដំបូងបំផុតក្នុងលោក និងមានជំនាញពិសេសមិនគួរឲ្យជឿជាច្រើនទៀត (មានវីដេអូ)

0

ហ្វីលីពីន៖ អ្នកនាង Jessica Cox អាយុ ៣៤ឆ្នាំ គឺជាជនពិការគំរូម្នាក់ ដែលអាចបញ្ជាក់បានថា ពិការភាពមិនអាចបំផ្លាញក្តីស្រមៃរបស់យើងបានទេ បើសិនជាយើងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។

ដោយសារបញ្ហាហ្សែនពីកំណើត នារីកូនកាត់ហ្វីលីពីន-អាមេរិក រូបនេះ ត្រូវរស់នៅពេញមួយជីវិត ដោយគ្មានដៃទាំងសងខាង។ ជាការពិត ដំបូងឡើយ វាពិតជាលំបាកខ្លាំងណាស់សម្រាប់នាង ប៉ុន្តែឥឡូវនេះ នាងមានជំនាញក្នុងការធ្វើកិច្ចការប្រចាំថ្ងៃជាច្រើនដូចជា បើកឡាន ចងខ្សែរស្បែកជើង កក់សក់ ពាក់Contact Lenses និងផាត់មុខថែមទៀតផង។

កាន់តែមិនគួរឲ្យជឿទៀតនោះគឺ នាងជាមនុស្សម្នាក់ដែលស្រឡាញ់កីឡាមុជទឹក និងកីឡាជិះសេះ ហើយថ្មីៗនេះ នាងបានក្លាយជាអ្នកបើកយន្តហោះពិការដៃដំបូងគេ និង ទទួលបានខ្សែក្រវ៉ាត់ខ្មៅពីសមាគមតៃក្វាន់ដូអាមេរិកថែមទៀតផង។

ពិតជាមិនគួរឲ្យជឿមែន! ប៉ុន្តែវាគឺជាការពិត ហើយនាងពិតជាអស្ចារ្យខ្លាំងណាស់!

ដំបូងឡើយ នាងភ័យខ្លាចក្នុងការបើកយន្តហោះខ្លាំងណាស់។ នាងបានចាប់ផ្តើមពីការបើកយន្តហោះខ្នាតតូចដែលមិនប្រើហ្គ៊ែរនៅនឹងជើង ទើបនាងអាចប្រើជើងឆ្វេងរបស់នាងដើម្បីដាក់លេខ និងជើងស្តាំដើម្បីកាន់ចង្កូត។

ជាទូទៅ សម្រាប់ការរៀនបើកបរយន្តហោះប្រភេទនេះ ត្រូវចំណាយពេល ៦ខែ ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ Jessica វិញ នាងបានចំណាយពេលដល់ទៅ ៣ឆ្នាំ និងសិក្សាជាមួយគ្រូដល់ទៅ៣នាក់ឯណោះ។

អ្នកនាង Jessica បាននិយាយនៅក្នុងសម្ភាសន៍មួយថា៖

“លើកដំបូងដែលគ្រូរបស់ខ្ញុំអនុញ្ញាតឲ្យខ្ញុំហោះហើរនោះ ខ្ញុំនៅចាំបានថា វាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ប៉ុន្តែខ្ញុំអាចហោះហើរបានដោយជោគជ័យ ហើយវាជាអារម្មណ៍មួយដែលអស្ចារ្យបំផុត។ ”

“ខ្ញុំមានជើង ប៉ុន្តែខ្ញុំគ្មានដៃ និងប្រអប់ដៃទេ ដូច្នេះ តាំងពីតូចមក គឺខ្ញុំរៀនចាប់កាន់របស់ផ្សេងៗដោយប្រើជើង។ ជើងរបស់ខ្ញុំប្រៀបដូចជាដៃរបស់ខ្ញុំយ៉ាងអ៊ីចឹង”។

បន្ទាប់មក នាងក៏បានព្យាយាមសិក្សាជំនាញផ្សេងៗទៀត ដើម្បីសាកល្បងពីសមត្ថភាពរបស់ខ្លួន។ នៅពេលដែលនាងមានអាយុ១០ឆ្នាំ នាងបានចាប់ផ្តើមចូលហាត់តៃក្វាន់ដូ ហើយ៤ឆ្នាំក្រោយមក នាងក៏ទទួលបានខ្សែក្រវ៉ាត់ខ្មៅ។ ចាប់ពីពេលនោះមក នាងក៏ឈប់ប្រើដៃសិប្បនិម្មិតផងដែរ។

នាង Jessica បានបញ្ជាក់ទៀតថា អ្នកដែលតែងតែគាំទ្រនាងខ្លាំងជាងគេ គឺឪពុកម្តាយរបស់នាង។​ ពួកគាត់បានមើលថែរក្សានាងដោយក្តីស្រឡាញ់ និងការថ្នាក់ថ្នម។ ពួកគាត់មិនដែលធ្វើឲ្យនាងមានអារម្មណ៍ថា នាងគឺជាមនុស្សម្នាក់ដែលខុសពីមនុស្សទូទៅនោះទេ។

ស្នេហាក៏បានជំរុញឲ្យនាងកាន់តែរឹងមាំផងដែរ។ នៅក្នុងឆ្នាំ ២០១២ នាងបានរៀបការជាមួយលោក Patrick ដែលជាអតីតគ្រូតៃក្វាន់ដូរបស់នាង។

នាងបាននិយាយជាចុងក្រោយថា៖

“ពេលខ្លះ ឧបសគ្គដ៏ធំបំផុតរបស់យើង គឺខ្លួនឯង។ ពេលខ្លះយើងនិយាយថា ‘ខ្ញុំមិនអាចធ្វើវាបានទេ’ ប៉ុន្តែការពិត បើសិនជាយើងនិយាយថា យើងអាចធ្វើបាន នោះយើងនឹងអាចធ្វើបានយ៉ាងពិតប្រាកដមែន”៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

LEAVE A REPLY

Please enter your comment!
Please enter your name here